ប្រទេសឥណ្ឌាទើបបង្ហោះនូវផ្កាយរណបចំនួន ២០ ដោយជោគជ័យ ដែលប្រើពេល ២៦ នាទី និងចំណាយគ្រាប់រ៉ុកកែតអស់តែមួយប៉ុណ្ណោះ ដែលនេះជាកំណត់ត្រាថ្មីសម្រាប់ភ្នាក់ងារអវកាសឥណ្ឌា។
គ្រាប់រ៉ុកកែតដែលបាញ់ចេញពីកោះ Sriharikota របស់ឥណ្ឌាមានផ្ទុកនូវផ្កាយរណបរបស់ប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា និង ឥណ្ឌូណេស៊ី ផងដែរ។ ផ្កាយរណបភាគច្រើនគឺប្រើក្នុងគោលដៅ ត្រួតពិនិត្យ និង វាស់កម្រិតបរិយាកាសនៃភពផែនដី និង ផ្កាយរណបខ្លះទៀតគឺប្រើសម្រាប់បង្កើនសេវារលកវិទ្យុ។
ជំនួញពាណិជ្ជកម្មខាងផ្នែកបង្ហោះផ្កាយរណបរបស់ឥណ្ឌាហាក់មានការរីកចំរើនខ្លាំង ប្រៀបដូចជាជំនួញទូរសព្ទ និងប្រព័ន្ធអ៊ីនធឺណិតជាដើម។ ចំណុចលេចធ្លោមួយរបស់ភ្នាក់ងារអវកាសឥណ្ឌា ដែលអាចទាក់ទាញអតិថិជននៅលើពិភពលោកបាន គឺមានកម្រៃឈ្នួលទាបជាងភ្នាក់ងារអវកាសធំៗដទៃ។
រំលឹកថាភ្នាក់ងារអវកាស NASA មានកំណត់ត្រាដែលអាចបាញ់បង្ហោះផ្កាយរណបបានដល់ ២៩ ក្នុងមួយលើក និងភ្នាក់ងារអវកាសរុស្សីវិញអាចបាញ់បង្ហោះដល់ទៅ ៣៣ គ្រឿង ក្នុងមួយលើក៕