មូលហេតុ ចាន់ វឌ្ឍនាកា មិនស៊ុតប៉េណាល់ទី សុខចិត្តឱ្យប្រាក់ មុន្នីឧត្តម
“ខ្ញុំគិតថានរណាស៊ុតក៏បាន សំខាន់ឱ្យតែក្រុមឈ្នះ ហើយយើងជឿជាក់លើការស៊ុតរបស់ឧត្តម អីចឹងនរណាស៊ុតក៏បាន”។ ចាន់ វឌ្ឍនាកា បញ្ជាក់ក្រោយបញ្ចប់ការប្រកួត។
ចាន់ វឌ្ឍនាកា
ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមឆាយនីសតៃប៉ិក្នុងជើងទី២ បានបញ្ចប់ដោយលទ្ធផលកម្ពុជាឈ្នះ ២-០ ខណៈដែលលទ្ធផលនេះធ្វើឱ្យក្រុមគោព្រៃកម្ពុជាបានឡើងទៅវគ្គបន្តដោយបូកសរុបទាំងពីរជើងទៅកម្ពុជាឈ្នះ ៤-២ ព្រោះជើងទីមួយស្មើគ្នា ២-២ ។ ងាកទៅការប្រកួតនៅយប់មិញ កម្ពុជាមានទម្រង់លេងល្អ ដោយត្រឹមនាទីទី៦ រកបានមួយគ្រាប់ទៅហើយ រកបានដោយខ្សែការពារ ហុង ផេង។
ឆាយនីសតៃប៉ិ មានឱកាសរកគ្រាប់បាល់ច្រើនដងដែរ ប៉ុន្តែធ្វើមិនបានសម្រេច រហូតដល់នាទី៦០ បានបង្កកំហុសលើ ចាន់ វឌ្ឍនាកា ក្នុងតំបន់គ្រោះថ្នាក់ទៀត ដែលធ្វើឱ្យកម្ពុជារកបានមួយគ្រាប់ទៀត។ ដោយបាល់ប៉េណាល់ទីនេះ ខ្សែប្រយុទ្ធមានដើមកំណើតនៅកំពតមិនបានស៊ុតខ្លួនឯងទេ ដោយទុកឱកាសនេះឱ្យមិត្តរួមក្រុម ប្រាក់ មុន្នីឧត្តម ជាអ្នកស៊ុតវិញ។
ចាន់ វឌ្ឍនាកា (លេខ១១) និង ប្រាក់ មុន្នីឧត្តម (លេខ៧)
ចំពោះការផ្ដល់ឱកាសនេះដែរ វឌ្ឍនាកា បានបញ្ជាក់ថាខ្លួនមិនខ្វល់ថានរណាជាអ្នកស៊ុតនោះទេក្នុងការប្រកួត អ្វីដែលសំខាន់ឱ្យតែក្រុមទាំងមូលឈ្នះ ហើយពួកគេក៏មានទំនុកចិត្តលើការស៊ុតរបស់ខ្សែប្រយុទ្ធលេងនៅក្លឹបអាជីពព្រះខ័នរាជស្វាយរៀងដែរ។
ជ័យជម្នះនៅយប់មិញនេះ បានធ្វើឱ្យកម្ពុជាកក់កៅអីឡើងទៅវគ្គបន្ត ជាមួយក្រុមខ្លាំងៗផ្សេងទៀត ។ ដោយឆ្លងផុតវគ្គជម្រុះបឋមនេះ ក្រុមកម្ពុជា រួមជាមួយក្រុម៥ផ្សេងទៀតដែលប្រកួតឈ្នះនៅវគ្គនេះដែរ នឹងមានសិទ្ធចូលជាមួយក្រុមទាំង៣៤នៅទ្វីបអាស៊ី ដែលកំពុងតែរង់ចាំចាប់ពូល។ ដោយជុំទី២នេះ មានក្រុមសរុប៤០ក្រុម បែងចែកជា៨ពូល មួយពូលមាន៥ក្រុម ប្រកួតសន្សំពិន្ទុ ដើម្បីជម្រុះឡើងទៅជុំបន្តៗទៀត៕