កាលពីសប្ដាហ៍មុនពិតជាមានការចាប់អារម្មណ៍ខ្លាំងក្នុងវិស័យចម្រៀង ដោយសារតែមានតារាល្បី៣រូបគឺ Taylor Swift ,Zayn Malik និងDemi Lovato បានចែកផ្លូវគ្នាជាមួយដៃគូក្នុងសប្ដាហ៍តែមួយ។ ទោះជាយ៉ាងណាក្ដី ក្នុងចំណោមតារាទាំង៣មានតែ Demi Lovato ម្នាក់គត់ដែលចេញមុខប្រកាសបែកបាក់ ក្រៅពីនោះសុទ្ធតែប្រភពជិតស្និទ្ធជាអ្នកទម្លាយ។ ចុះរឿងហេតុអ្វីបានពួកគេប្រេះស្រាំបែបនេះ?
Taylor Swift
តារាចម្រៀងប៉ុបអាមេរិក Taylor Swift និងមិត្តប្រុសជា DJ Calvin Harris បានផ្ដាច់ចំណងស្នេហាជាមួយគ្នាកាលពីថ្ងៃទី ១ ខែ មិថុនា។ តាមប្រភពជិតដិតបានបង្ហើបថា៖ “Taylor និង Adam (ឈ្មោះពិតរបស់ Calvin) គ្មានជម្លោះអ្វីធំដុំទេ ប៉ុន្តែគ្រាន់តែមនោសញ្ចេតនារវាងពួកគេលែងមានដូចមុន។ Adam គឺជាអ្នកសុំបញ្ចប់។ ពួកគេបានព្រមបញ្ចប់វាតាមសម្រួល។ Taylor កើតទុក្ខខ្លាំងណាស់ពេលនេះ ប៉ុន្តែពួកគេនៅតែទាក់ទងគ្នាជាមិត្តធម្មតា”។ ចំណែកឯប្រភពមួយទៀតនិយាយថា៖”Calvin មិនអាចផ្ដល់អ្វីដែល Taylor ទាមទារចង់បាន ទើបពួកគេបែកគ្នា”។
Zayn Malik
វាពិតជាខ្លី ត្រឹមរយៈពេល៦ខែ តារាចម្រៀងអង់គ្លេស Zayn Malikនិងតារាម៉ូដែល Gigi Hadid ដោយប្រភពមួយបានប្រាបទៅ eonline កាលពីថ្ងៃទី ២ ខែ មិថុនា។ មូលហេតុដែលបង្កឲ្យមានការចែកផ្លូវគ្នា ប្រភពបានបញ្ជាក់ឲ្យដឹងថា អ្នកទាំងពីរធ្លាប់ឈ្លោះគ្នា កាលខួបកំណើតរបស់ Gigi។ ចាប់ពីពេលនោះមកទំនាក់ទំនងតារាវ័យក្មេងទាំងពីរមិនស្រុះស្រួលគ្នាសោះ។ យ៉ាងណាក្ដី គេជឿជាក់ថា Zayn និងGigi អាចនឹងត្រូវគ្នាវិញនៅពេលណាមួយ។
Demi Lovato
ចំណងស្នេហ៍៦ឆ្នាំរបស់ Demi Lovato និងមិត្តប្រុស Wilmer Valderrama ដើរដល់ផ្លូវបំបែក បន្ទាប់ពីពួកគេប្រកាសលើបណ្ដាញសង្គមព្រមគ្នា។ ក្នុងសារវែងល្មមដ៏មានអត្ថន័យDemi បានរាយរាប់ថា៖ “បន្ទាប់ពី៦ឆ្នាំពោរពេញដោយក្ដីស្រឡាញ់និងអស្ចារ្យជាមួយគ្នា ពួកយើងបានសម្រេចចិត្តបញ្ចប់ស្នេហាមួយនេះ។ នេះគឺជាការសម្រេចចិត្តដ៏ពិបាកបំផុតសម្រាប់ពួកយើងទាំងពីរ ប៉ុន្តែអ្វីដែលពួកយើងដឹងច្បាស់បំផុត គឺថាយើងទាំងពីរធ្វើជាមិត្តល្អនឹងគ្នាប្រសើរជាង។ ពួកយើងនឹងនៅតែគាំទ្រ លើកទឹកចិត្តគ្នាជានិច្ច។ អរគុណអ្នកគ្រប់គ្នាដែលតែងតែផ្ដល់ទឹកចិត្តនិងការគាំទ្ររយៈពេល ៦ឆ្នាំមកនេះ” ៕