ក្រុមហ៊ុននេះបានស្នើដល់អ្នកដែលជាម្ចាស់ភាគហ៊ុនទាំងឡាយ បោះឆ្នោតលើសំណើមួយដែលអនុវត្តន៍លើសិទ្ធិកាន់កាប់ភាគហ៊ុនរបស់លោក Mark។ សំណើដែលលើកឡើងដើម្បីធ្វើការបោះឆ្នោតនោះបានចុះលក្ខខណ្ឌថា ប្រសិនបើលោក Mark លាឈប់ ឬត្រូវបញ្ឈប់ដោយមូលហេតុណាមួយ ហ៊ុន Class B របស់លោកនឹងបម្លែងទៅជាហ៊ុន Class A។
ការបម្លែងនេះនឹងធ្វើឲ្យលោកទទួលបានតែ មួយសំឡេងចំពោះហ៊ុនមួយ ជំនួសឲ្យរាល់ដងដែលទទួលបាន ១០ សំឡេងចំពោះហ៊ុនមួយ។ លក្ខខណ្ឌនេះបង្កើតឡើងក៏ដើម្បី ទប់ស្កាត់កូនចៅរបស់ CEO រូបនេះ ពីការកាន់កាប់ក្រុមហ៊ុនតាមរយៈសិទ្ធិជាម្ចាស់ហ៊ុន ថ្នាក់ B ផងដែរ។
បច្ចុប្បន្ននេះលោក Mark កាន់កាប់ហ៊ុន Class B ចំនួន ៤១៩ លានហ៊ុន និង Class A ចំនួន ៤ លានហ៊ុន ដែលធ្វើឲ្យលោកមានសំឡេងបោះឆ្នោតស្មើ ៥៣,៨% នៃហ៊ុនសរុប។ មិនតែប៉ុណ្ណោះលោកក៏មានកាន់កាប់ហ៊ុន Class B របស់សហស្ថាបនិកលោក Dustin Moskovitz ដែលបង្កើនភាគរយសំឡេងរបស់លោកដល់ ៦០%។
ក្រុមហ៊ុន Facebook ជឿជាក់ថា ការស្វែងរកនាយកប្រតិបត្តិមកជំនួសលោក Mark Zuckerberg អាចនឹងពិបាកប្រសិនបើលោកនៅតែកាន់កាប់ហ៊ុន Class B ក្រោយលាឈប់ពីតំណែង។
ហេតុផលមួយទៀតនៃការប្រែប្រួលនេះគឺដើម្បីលើកទឹកចិត្តឲ្យលោក Mark នៅបន្តកាន់តំណែងរបស់ខ្លួន៕