ប៉ូលិសរាយការណ៍ថា យុវជនស្វ៊ីសម្នាក់អាយុ២៧ឆ្នាំកាលពីថ្ងៃទី១៣ សីហា បានដុតឱ្យមានភ្លើងឆាបឆេះក្នុងទូរថភ្លើងមួយ រួចប្រើកាំបិតចាក់ពួកអ្នកដំណើរក្នុងរថភ្លើងមួយខ្សែនៅភាគឦសានប្រទេសស្វ៊ីស បណ្តាលឱ្យមនុស្ស៦នាក់រងរបួស ក្នុងនោះមានកុមារម្នាក់អាយុ៦ឆ្នាំ។
អំពើហិង្សានេះកើតមាននាវេលារសៀលក្នុងរថភ្លើងមួយ ដែលរត់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលិចតិចស្តាញ ។ ប៉ូលិសតំបន់ SAINT GALL ក្នុងសេចក្តីប្រកាសមួយបញ្ជាក់ថា ជនវាយប្រហារក៏រងរបួសដែរ ។ រដ្ឋអាជ្ញាក្រុង SAINT-GALL បានបើកការស៊ើបអង្កេតមួយពីបទឧក្រិដ្ឋទាក់ទិនរឿងនេះ ។
ប៉ូលិសនិយាយថា បុរសជនជាតិស្វ៊ីសអាយុ២៧ឆ្នាំរូបនេះ បានចាក់វត្ថុរាវ ដែលងាយឆេះហើយដុត រួចរូបគេកាន់កាំបិតមួយទៀតផង ។ អ្នកដំណើរ៦នាក់ដែលរបួស ព្រមទាំងជនវាយប្រហារត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារការរលាកភ្លើង ឬដោយសារការចាក់ ។
ការវាយប្រហារនេះកើតមានខណៈបរិយាកាសមានភាពតានតឹងខ្លាំងនៅអឺរ៉ុប មកពីរលកនៃការវាយប្រហារភេរវកម្មរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ ការវាយប្រហារទាំងនេះភាគច្រើនប្រកាសទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ិស្លាម ៕