រាជធានីភ្នំពេញ ៖ រយៈពេល៧ខែឆ្នាំ២០១៦នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបចំនួន៣.៨១៩.៩៨៩,៧៤លានរៀល(ប្រមាណជា៩៥៥,០០លានដុល្លារ)ស្មើនឹង៦៧,១៨%នៃគោលដៅកំណត់ដោយច្បាប់ ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទរយៈពេល៧ខែឆ្នាំនេះ កើនឡើងចំនួន៦០៧.៥៨៥,១៤លានរៀល(ប្រមាណជា១៥១,៩០លានដុល្លារ)កើនឡើង ១៨,៩១%។ ចំណែកក្នុងខែកក្កដា ឆ្នាំ២០១៦ ការប្រមូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន៥០៣.៩២៣,១២លានរៀល(ប្រមាណ១២៥,៩៨លានដុល្លារ) ។ នេះជាប្រសាសន៍របស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៦ កាលពីថ្ងៃទី១២ កក្កដា កន្លងមក ។
លោក គង់ វិបុល បានបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានការកើនឡើងផងដែរ នូវចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា៖ ពន្ធលើប្រាក់ចំណេញ កើនឡើង២៤,៨%, ពន្ធលើប្រាក់បៀវត្ស កើនឡើង២៥,៩%, អាករលើតម្លៃបន្ថែម កើនឡើង២៣,៤%, និងអាករពិសេស កើនឡើង ២០,៨%។ ចំណែកឯចំណូលពន្ធ-អាករ តាមសកម្មភាពអាជីវកម្ម ក៏មានការកើនឡើងស្ទើរគ្រប់ប្រភេទអាជីវកម្មផងដែរ។
ក្នុងឱកាសនោះដែរ លោកអគ្គនាយកក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់អង្គភាពពន្ធដារក្រោមឱវាទទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលចំណូលពន្ធ ជាពិសេសផ្តោតជាសំខាន់លើកិច្ចការមួយចំនួនដូចខាងក្រោម ៖
-ពង្រឹងការគ្រប់គ្រងការអនុវត្តវិធានវិក្កយបត្ររបស់បណ្តាសហគ្រាសនានា ។
-បង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃសេវាសាធារណៈជូនអ្នកជាប់ពន្ធ ។
-បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។
-បន្តជំរុញការគ្រប់គ្រង និងផ្សព្វផ្សាយអំពីការធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ និងពង្រឹងការប្រមូលពន្ធប្រភេទនេះសម្រាប់ឆ្នាំ២០១៦ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀ ។
-បន្តពង្រឹងការប្រមូលពន្ធលើការជួលអចលនទ្រព្យ(ដី-ផ្ទះ) តាមរយៈការដាក់ឲ្យអនុវត្តការគ្រប់គ្រង ការប្រកាសបង់ពន្ធប្រភេទនេះតាមប្រព័ន្ធកុំព្យូទ័រថ្មី ។
-ចុះអង្កេតស្រាវជ្រាវសហគ្រាស (StreetSurvey)ក្នុងរាជធានីភ្នំពេញ ដោយផ្តើមពីខណ្ឌចំការមន ដើម្បីឲ្យសហគ្រាសដែលមិនបានចុះបញ្ជីត្រឹមត្រូវ ឬមិនព្រមមកចុះបញ្ជីពន្ធដារ ឲ្យមកចុះបញ្ជីពន្ធដារបានគ្រប់គ្នា ។
-ពង្រឹងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦ ។
-ពង្រឹងការគ្រប់គ្រងធនធានមនុស្ស និងពង្រឹងសមត្ថភាពមន្ត្រី ដើម្បីក្លាយជាមន្ត្រីដែលពោរពេញដោយសមត្ថភាព ជំនាញ និងទេព្យកោសល្យ ហើយត្រូវប្រើឲ្យបានអស់សក្តានុពល នូវធនធានមន្ត្រីដែលមានស្រាប់ ។
-ពង្រឹងការដាក់លិខិតប្រកាសនៅនាយកដ្ឋានថ្នាក់កណ្តាល ក៏ដូចជាតាមសាខាពន្ធដារខេត្ត-ខណ្ឌនីមួយៗ ។
-ពិនិត្យ ផ្ទៀតផ្ទាត់ឲ្យបានហ្មត់ចត់ ចំពោះការស្នើសុំបង្វិលសងរបស់សហគ្រាសនានា ។
-ពង្រឹងការគ្រប់គ្រងប្រមូលអាករពិសេស ជាពិសេស នៅតាមសហគ្រាសផលិតផលិតផលជាប់អាករពិសេស ។
-យកចិត្តទុកដាក់ខ្ពស់ចំពោះការស្នើសុំផ្ទេរសហគ្រាស ដោយត្រូវអនុវត្តតាមសេចក្តីណែនាំដែលកំពុងមានជាធរមាន ។
-បន្តពង្រឹងការធ្វើសវនកម្មលើសហគ្រាស ជាពិសេស សហគ្រាសដែលប្រកាសពន្ធទាប មិនសមស្របនឹងស្ថានភាពជាក់ស្តែងនៃអាជីវកម្មរបស់ខ្លួន ។
-បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Data Base) ដែលមានលក្ខណៈល្អប្រសើរ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ។
-បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រព័ន្ធពន្ធដារ កម្ពុជា ។
-បន្តចូលរួមយ៉ាងសកម្ម ក្នុងគោលនយោបាយកែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀត ៕