ប្រទេសថៃ ៖ នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ហៅកាត់ថា BDD កំពុងកំណត់ទិសដៅក្នុងការផ្សព្វផ្សាយសហគ្រាសម៉ាកយីហោ យ៉ាងហោចណាស់៧៥របស់ថៃ ដើម្បីពង្រីកអាជីវកម្មរបស់សហគ្រាសទៅក្រៅប្រទេសនៅឆ្នាំនេះ រួមទាំងក្រុមហ៊ុន២៥ ដែលត្រូវបានគេគាំទ្ររួចហើយចាប់តាំងពីដើមឆ្នាំ២០១៦ ។
អគ្គនាយិការង លោកស្រី Rattana Theanvisitskool ថ្លែងថា នៅក្រោមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីគាំទ្រដល់ក្រុមហ៊ុននានាក្នុងការពង្រីកខ្លួនចូលទៅក្នុងទីផ្សារបរទេស ការផ្តោតសំខាន់ គឺនៅលើម្ចាស់យីហោ (franchisor) ដោយសារតែអង្គភាពនេះមានយុទ្ធសាស្ដ្រ និងលំនាំអាជីវកម្មច្បាស់លាស់រួចទៅហើយ ។
លោកស្រីថ្លែងថា ៖ « ការពិត ភ្នាក់ងារនេះនឹងជំរុញដល់អាជីវកម្មចំនួន១៥០ក្នុងឆ្នាំនេះ នៅក្រោមផែនការលើកកម្ពស់រួម ដែលម្ចាស់យីហោប្រហែលជាពាក់កណ្តាលត្រូវបានគេរំពឹងថា នឹងមានផែនការច្បាស់លាស់ក្នុងការពង្រីកអាជីវកម្មនៅបរទេស ដោយចាប់ផ្តើមនៅក្នុងប្រទេសអាស៊ាន » ។
បណ្តាប្រទេសជាគោលដៅចំនួន៥ សម្រាប់ការផ្សព្វផ្សាយក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំនេះ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ។
លោកស្រីបន្ថែមថា នៅឆមាសទី១ BDD បានផ្សព្វផ្សាយក្រុមហ៊ុនយីហោ២៥ ដើម្បីពង្រីកអាជីវកម្មនៅក្នុងប្រទេសហ្វ៊ីលីពីន ។ ក្រុមហ៊ុនចំនួន១២ ហាក់ដូចជាមានឱកាសកាន់តែច្រើន ក្នុងការជ្រេៀតខ្លួនចូលក្នុងទីផ្សារតាមរយៈវេទិការួមទុន ។
យោងតាម BDD បច្ចុប្បន្ននេះ ប្រទេសថៃមានអាជីវកម្មយីហោចំនួន១.៥២៣ ដែលបានបង្កើតប្រាក់ចំណូលរួមគ្នាមានតម្លៃ៦៤៥.៧៩ប៊ីលានបាតកាលពីឆ្នាំមុន ។
អាជីវកម្មយីហោស្មើនឹង៩% នៃតម្លៃអាជីវកម្មលក់រាយសរុបនៅប្រទេសថៃកាលពីឆ្នាំមុន ខណៈដែលតម្លៃអាជីវកម្មយីហោនៅអាមេរិកស្មើនឹង៥៤% នៃអាជីវកម្មលក់រាយក្នុងប្រទេសនេះ ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញគ្រឿងសំអាង ទឹកអប់ និងសាប៊ូរបស់ប្រទេសថៃ មានតម្លៃ១,៩១ប៊ីលានដុល្លារកាលពីឆ្នាំមុន ខណៈការនាំចេញនៅឆមាសដំបូងនៃឆ្នាំនេះ មានចំនួន៨៩៩.៦៩លានដុល្លារ ៕