រឿងនេះបានចរាចរណ៍នៅលើបណ្ដាញអ៊ីនធឺណេតរាងយូរគួរសមដែរហើយ។ សាច់រឿងនេះគឺនិយាយអំពីស្រី្តម្នាក់ដែលបានសម្រេចចិត្តយកទំនាក់ទំនងរបស់នាងមកធ្វើតេស្ដ ហើយក្នុងដំណើរការសាកចិត្តមិត្តប្រុសនេះ នាងបានទទួលមេរៀនដ៏សំខាន់មួយ។ វាប្រហែលធ្វើឱ្យពួកយើងលួចសើចចុកពោះទៀតផង។
បន្ទាប់ពីរងើកភ្លើងនៅក្នុងទំនាក់ទំនងស្នេហាបានរលត់បាត់ទៅខ្លះៗនោះ ស្ត្រីម្នាក់នេះស្រាប់តែរកនឹកឃើញគំនិតប្លែកអស្ចារ្យមួយ។ នាងចង់សាកល្បងថាតើមិត្តប្រុសនាងមានអារម្មណ៍យ៉ាងម៉េចអំពីទំនាក់ទំនងរបស់ពួកគេ តើគាត់នឹងប្រតិកម្មបែបណាប្រសិនបើនាងសុំបែក និងតើគាត់នឹងគិតអំពីអារម្មណ៍របស់នាងយ៉ាងដូចម្តេចចំពោះគាត់?
ដើម្បីទទួលបានចម្លើយទាំងនេះ នាងបានសាកចិត្តមិត្តប្រុសដោយសរសេរសំបុត្រមួយប្រាប់ទៅមិត្តប្រុសនាងថា ទំនាក់ទំនងពួកគេបានចប់ហើយ ព្រោះនាងឆ្អែតឆ្អន់និងលែងមានអារម្មណ៍បន្តទំនាក់ទំនងនេះទៀតហើយ។ ពិតណាស់ នាងគ្រាន់តែចង់ឃើញប្រតិកម្មរបស់គាត់ប៉ុណ្ណោះ តែធាតុពិតនាងមិនចង់ឱ្យគាត់ចាកចេញនោះឡើយ។
នៅពេលសរសេរចប់ នាងបានទុកសំបុត្រនោះនៅលើតុរបស់មិត្តប្រុសនាង ជាកន្លែងដែលនាងសង្ឃឹមថាគាត់នឹងឃើញវា។ បន្ទាប់មកនាងបានសម្ងំលាក់ខ្លួននៅក្រោមគ្រែនិងរង់ចាំគាត់ត្រឡប់មកវិញ។
ទីបំផុតមិត្តប្រុសនាងបានមកដល់។ នាងមានអារម្មណ៍ភ័យផងអរផង នៅក្រោមគ្រែនោះ។ គាត់បានចូលបន្ទប់និងចាប់ផ្ដើមអានសារមួយនោះ។ នៅពេលគាត់អានសារនោះចប់ ស្ត្រីម្នាក់នោះសឹងតែមិនជឿនូវអ្វីដែលនាងបានឮនឹងត្រចៀក។ មានរឿងអ្វីកើតឡើង? មិត្តប្រុសនាងបានហួចនិងទាញទូរស័ព្ទរបស់គាត់ចេញមក។
នាងបានឮមិត្តប្រុសនាងនិយាយថា៖ "អាឡូអូនសម្លាញ់ បងទៅដល់ឥឡូវហើយ។ មីចំកួតនោះទីបំផុតចាកចេញដោយសារបងផិតក្បត់នាងហើយ។ មីឆ្កួតនោះទីបំផុតបានចាកចេញពីជីវិតបងហើយ។ ដាច់អ៊ីចឹងចុះទំនាក់ទំនងជាមួយស្រីឆ្កួតនេះ។ បងសប្បាយចិត្តណាស់ដែលគ្មាននាង។ បងសង្ឃឹមបានជួបអូនឆាប់ៗ។ ជួបគ្នាបន្ដិចទៀតណា អូនសម្លាញ់!"។
ស្ត្រីម្នាក់នោះបានភ្ញាក់ផ្អើលជាខ្លាំង និងនឹកគិតថា រឿងនេះកើតឡើងដោយម៉េចទៅ? នាងពេលនោះពិតជាទាល់គំនិតណាស់។ នាងបានសម្ងំនៅក្រោមគ្រែក្នុងសភាពតក់ស្លុតនិងរន្ធត់ចិត្តខ្លាំងមួយសន្ទុះធំ។ មិត្តប្រុសនាងហាក់បីដូចជាប្រមូលសម្ភារៈខ្លះៗ។ បន្ទាប់មកបានចេញពីផ្ទះល្វែង ហើយទឹកភ្នែកក៏បានចាប់ផ្ដើមស្រក់ពេញថ្ពាល់របស់នាង។ នាងបានលូនចេញពីក្រោមគ្រែនោះយឺតៗដោយក្ដីឈឺចាប់បំផុត។
បន្ទាប់មកនាងបានដើរមើលជុំវិញបន្ទប់ក៏ឃើញសំបុត្រមួយទៀតនៅលើតុ។ វាជាសំបុត្ររបស់មិត្តប្រុសនាងទុកឱ្យនាង។ នាងបានហែកស្រោមសំបុត្រនិងចាប់ផ្ដើមអានវា។ នៅពេលនាងអានចប់ នាងមានអារម្មណ៍ខ្មាស់ខ្លួនឯងជាខ្លាំង ប៉ុន្ដែវាបានធ្វើឱ្យនាងធូរចិត្តយ៉ាងខ្លាំងផងដែរ។
សំបុត្រនោះសរសេរថា "ក្មេងចំកួត! លើកក្រោយបើចង់សាកចិត្តបង កុំទុកជើងលៀនចេញក្រោមគ្រែបែបនេះ។ បងចេញទៅផ្សារទិញម្ហូបធ្វើឱ្យអូនញ៉ាំ។ តិចទៀតបងមកដល់វិញហើយ"។
ចុងក្រោយ ប្រសិនបើអ្នកចង់ធ្វើតេស្តមនុស្ស ពួកគេច្បាស់ជាធ្វើតេស្តអ្នកតាមវិធីដូចគ្នាវិញ! បើស្រឡាញ់គ្នា កុំសង្ស័យចំពោះគ្នា ទើបទំនាក់ទំនងស្នេហារក្សាបានគង់វង្ស៕