អ្នកវិទ្យាសាស្ត្រអាមេរិកបានអះអាងថា ស្ត្រីផឹកទឹកដោះគោ១កែវក្នុងមួយថ្ងៃអាចជួយបញ្ឈប់ការបញ្ចេញសំឡេងសូរក្រេតក្រតៗពីក្បាលជង្គង់របស់ខ្លួន ។
ការពិសោធទៅលើបុរស-ស្ត្រីមានបញ្ហាសន្លាក់២ពាន់នាក់ប្លាយបានបង្ហាញថា ស្ត្រីដែលជារឿយៗផឹកទឹកដោះគោគ្មានផ្ទុកសារធាតុខ្លាញ់ឬមានខ្លាញ់កម្រិតទាបជួបនឹងហានិភ័យកើតមានបញ្ហាសន្លាក់ក្បាលជង្គង់យ៉ាងតិចបំផុត ។
វេជ្ជបណ្ឌិត Bing Lu អ្នកដឹកនាំការសិក្សាមកពីមន្ទីរពេទ្យ Brigham and Women's Hospital ស្ថិតក្នុងទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកថ្លែងថា ៖ «ទឹកដោះគោដើរតួនាទីយ៉ាងសំខាន់ជំរុញដល់សុខភាពឆ្អឹង ។ នេះជាការសិក្សាធំជាងគេបំផុតដែលបានពិនិត្យមើលពីប្រសិទ្ធភាពរបស់ទឹកដោះគោលើការវិវឌ្ឍជំងឺសន្លាក់ក្បាលជង្គង់»។
ដោយឡែក សម្រាប់បុរសការផឹកទឹកដោះគោមិនបានជួយឱ្យពួកគេគេចផុតពីបញ្ហាសន្លាក់ឡើយ ។ ទោះជាយ៉ាងនេះក្តី ការប្រើប្រាស់ក្នុងចំនួនមួយយ៉ាងខ្ពស់ អាចជួយធ្វើឱ្យល្អប្រសើរដល់សុខភាពសន្លាក់ក្បាលជង្គង់របស់ពួកគេបាន ។
វេជ្ជបណ្ឌិត Bing Lu បានបន្ថែមថា យ៉ាងណាក៏ដោយ ការសិក្សាបន្ថែមទៀតពីបរិមាណទទួលទានទឹកដោះគោនិងការវិវឌ្ឍជំងឺសន្លាក់ចាំបាច់ត្រូវធ្វើឱ្យបានឆាប់កាន់តែប្រសើរ៕