រាជធានីភ្នំពេញ ៖ បុរសជាឌីជេនិងមិត្តភក្តិម្នាក់ខណៈជិះម៉ូតូចេញពីក្លិប ហើយបាខឹងអ្នកជិះម៉ូតូកាត់មុខ ក៏ដកដាវសាមូរ៉ៃគំរាមកាប់គេ ក៏ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញឃាត់ខ្លួនទាំង២នាក់តែម្តង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ សីហា ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចជិតស្ថានីយប្រេងឥន្ធនៈ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនបង្កឈ្មោះចាន់ ដាវុធ អាយុ២៤ឆ្នាំ មុខរបរឌីជេនៅក្លឹបស៊ីធី ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន និងមិត្តភក្តិឈ្មោះថាន់ ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យបៀប្រាយ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំណែកជនរងគ្រោះឈ្មោះសម្បត្តិ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ជាយោធា ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនជិះម្នាក់ឯងម៉ាកឡេត ពាក់ស្លាកលេខភ្នំពេញ1FM2956 ជិះតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅផ្ទះនៅក្រោយវត្តស្ទឹងមានជ័យ ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ គាត់បានជិះបញ្ច្រាសទិសដៅចរាចរណ៍ ដោយបើកបន្តិចម្តងៗសុំផ្លូវឆ្លងមួយ ក៏យុវជន២នាក់នោះជិះម៉ូតូម៉ាកហុងដាCBR ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1DC-0742 បើកតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិចបើកក្នុងល្បឿនលឿន ហើយស្រវឹងស្រា អកហ្សើជាមួយម៉ូតូរបស់ខ្លួន ដែលជិះឆ្លងកាត់ពីមុខ ត្រូវជននោះខឹងក៏ឈប់ម៉ូតូ ហើយបើកកែបម៉ូតូយកដាវសាមូរ៉ៃគំរាមរកកាប់ ប៉ុន្តែសំណាងល្អ ត្រូវកម្លាំងអន្តរាគមន៍រាធានីភ្នំពេញឃាត់ខ្លួនបានជនបង្ក២នាក់ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។
បើតាមសំដីរបស់ជនបង្កថា គាត់ខឹងជនរងគ្រោះជិះម៉ូតូឆ្លងកាត់មុខគាត់ ហើយចុចស៊ីភ្លេ និងស្រែកឱ្យថា អែងជិះម៉ូតូអត់មើលទេ ធ្វើឱ្យគេខឹង បានឈប់ម៉ូតូបើកកែបយកដាវសាមូរ៉ៃគំរាមតែម្តង ។ រីឯដាវសាំម៉ូរៃនោះ គឺគេបានយកពីមិត្តភក្តិទុកការពារខ្លួន តែប៉ុណ្ណោះ។ក្រោយពេលកើតហេតុ ខាងជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនិតិវិធី ៕